ព័ត៌មានជាតិ

ប្រធានមូលនិធិ​ ចែករំលែកសង្រ្គោះជីវិត សកលរបស់កូរ៉េ សន្យាបន្តជួយកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែកក្កដា លោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា មូលនិធិរបស់លោក នឹងនៅតែបន្តបេសកកម្ម មនុស្សធម៌ដើម្បីជួយដល់កម្ពុជា និងប្រជាជនកម្ពុជាទៀត ។

ក្នុងជំនួបនោះដែរ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោកប្រធានមូលនិធិ និងគណៈប្រតិភូដែល បានអញ្ជើញបំពេញបេសកកម្ម មនុស្សធម៌ជាលើកទី២ នៅកម្ពុជា ។ បេសកកម្មការងារមនុស្សធម៌ នាឱកាសនេះ នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំមកនូវ ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកាន់តែល្អជាងមុនទៀត ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេច ក៏បានសម្តែងសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងពង្រីក ជាប្រចាំលើវិស័យ នយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងមានចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ ៕

To Top