ព័ត៌មានជាតិ

ដំណឹងដ៏រីករាយ! ប្រទះឃើញ កូនផ្សោតថ្មីមួយក្បាលទៀត នៅអន្លង់កាំពី

រូបភាព៖ WWF-Cambodia

ភ្នំពេញ៖ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ​ និងស្ទឹងត្រែង រដ្ឋបាលជលផល​ និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយក្បាលទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមហ្វេសប៊ុកក្រសួងកសិកម្ម នាថ្ងៃទី៧ កក្កដា បានឲ្យដឹងថា ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង ១១:៣០នាទីព្រឹក នាថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀន នៃ​អន្លង់កាំពី។

តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន​ ៩ក្បាលទៀត។​
ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣​។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល​ និង​នៅឆ្នាំ២០២១ ​ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល​ ៕

To Top