ព័ត៌មានជាតិ

ករណីបាញ់បោះ! តុលាការ ខេត្តមណ្ឌលគិរី អះអាងថា កំពុងធ្វើការយ៉ាងយកចិត្ត ទុកដាក់បំផុត ដើម្បីឈានដល់ការផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ

ភ្នំពេញ៖ អយ្យការអមសាលាដំបូង ខេត្តមណ្ឌលគីរី បានចេញសេចក្តីថ្លែងការណ៍ មួយពាក់ព័ន្ធករណីបាញ់បោះ ដោយបានអះអាងថា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ។

យោងតាម សេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ ថ្មីៗនេះមានបណ្តាសារព័ត៌មានមួយចំនួន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) បានសរសេរ​អំពីករណី ឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានប្រើប្រាស់អាវុធ បាញ់បោះ និងបាញ់ទៅលើជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត ត្រូវចំសួតចំនួន០១គ្រាប់។ ការចុះ ផ្សាយនេះធ្វើឱ្យមានមតិយល់ឃើញផ្សេងៗគ្នា ជាច្រើនទៅលើចំណាត់ការ របស់មន្ត្រីនគរបាលយុត្តិធម៌ និង ស្ថាប័នអយ្យការ។

ករណីនេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី សូមធ្វើការបកស្រាយដូច ខាងក្រោម៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ រស់ ពុទ្ធា ហៅ ក្រប៊ី បានបើករថយន្តចំនួន០១គ្រឿង ចេញពីក្លឹប ដោយមានមនុស្សមួយចំនួនរួមដំណើរ។ លុះបើកចេញដល់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រាប់តែឈ្មោះ រស់ ពុទ្ធា ហៅ ក្រប៊ី បានយក កាំភ្លើងបាញ់តាមបង្អួចទ្វាររថយន្ត ចេញមកក្រៅចំនួន០៣គ្រាប់ រួចងាកមកក្រោយសម្លឹងមើលឈ្មោះ ចន សុវណ្ណណេត ហើយទាញកាំភ្លើងបាញ់ មកលើជនរងគ្រោះ ឈ្មោះ ចន សុវណ្ណណេត ចំនួន០១គ្រាប់ ត្រូវចំសួត (គ្រាប់បៀបជាប់ជាមួយសួត) រួចធ្វើការគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានចុះទៅ កន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យស្លាកស្នាម លើជនរងគ្រោះ ព្រមទាំងធ្វើការ សម្ភាសន៍ ជាមួយជនរងគ្រោះជាបឋម រួចបញ្ជូនជនរងគ្រោះមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ នៅដំណាក់កាល មន្រ្តីនគរបាលយុត្តិធម៌នេះ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានធ្វើការស្វែងរកចាប់ខ្លួន ជនល្មើសភ្លាមៗ ក្នុងបទល្មើសជាក់ស្ដែង និងបានបន្តបានស្នើសុំ ចេញដីកាបញ្ហាឱ្យចូលខ្លួន លើឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដើម្បីធ្វើការនាំខ្លួនមកសាកសួរ តាមនីតិវិធីច្បាប់ ហើយតំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី បានធ្វើការចេញដីកាបញ្ជាឱ្យ ចូលខ្លួនតាមការស្នើសុំ។

អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលពាក្យបណ្ដឹងផ្ទាល់ ពីជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត និងបានទទួលសំណុំរឿង ពីស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត។ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿង ព្រហ្មទណ្ឌខាងលើ តំណាងមួយថ្នា បានចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ រស់ ពុទ្ធា ហៅ – ក្របី ឱ្យកម្លាំងមានសមត្ថកិច្ចជាធ្វើការនាំ បុគ្គលនេះមកបង្ហាញខ្លួនចំពោះមុខ តំណាងអយ្យការ។ តំណាងអយ្យការបានស្តាប់ចម្លើយ ជនរងគ្រោះនិង សាក្សីមួយចំនួន ព្រមទាំងកំពុងបន្តធ្វើការស្ដាប់សាក្សីផ្សេងទៀត …និងស្រាវជ្រាវរកបុគ្គលពាក់ព័ន្ធដែលប្រព្រឹត្តបទល្មើស ជាអ្នកផ្តើមគំនិត ជាមួយឈ្មោះ រ៉ស់ ពុទ្ធា ហៅ ក្រប៊ី ក្នុងការប្រើប្រាស់ កាន់កាប់អាវុធ ដោយខុសច្បាប់ និងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ប្រភពខាងលើបញ្ជាក់ថា «បច្ចុប្បន្ននេះ តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយជនរងគ្រោះ និងធ្វើការយ៉ាងម៉ត់ចត់ ជាមួយកម្លាំងមានសមត្ថកិច្ច រួមទាំងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដែលជាមេធាវីការពារ ឱ្យដើមបណ្តឹង ដើម្បីឈានដល់ការផ្តល់យុត្តិធម៌ តាមផ្លូវច្បាប់ជូន ជនរងគ្រោះឱ្យឆាប់រហ័ស »៕


ប្រវត្តិរឿង៖ https://dap-news.com/national/2023/07/07/344270/

To Top