ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លើកទឹកចិត្ត​និងផ្តល់​ឱកាស​ដល់ស្ដ្រីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ

រូបភាពហ្វេសប៊ុក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តដល់ស្រ្តីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី ដោយចាត់ទុកស្ត្រីជាមាតានៃសង្គម និងជាធនធានដ៏ចាំបាច់សម្រាប់ដំណើរការកសាង និងអភិវឌ្ឍប្រទេស។

សម្ដេចតេជោ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើកទឹកចិត្ត ព្រមទាំងបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្រ្តីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ»។

សម្ដេចតេជោ បន្ដថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តដោះស្រាយបញ្ហាជាច្រើនទៀត ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម ដូចជា៖ បញ្ហាសុខភាព ការអប់រំ ការរំលោភ បំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិក្នុងការសម្រេចចិត្តជាដើម តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិនិងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង ស្ថាប័ន រួមទាំងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា សិទ្ធិស្រ្តី និងក្មេងស្រី ក្នុងការជ្រើសរើសគូស្រករ ការមានកូន និងចំនួនកូនដែលចង់បាន ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញនូវ “គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០” ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិ ជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្រ្តីនិងក្មេងស្ត្រីទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ៕

To Top