ព័ត៌មានជាតិ

លោក ម៉ប់ សារិន ៖ អាជ្ញាធរភ្នំពេញទប់ស្កាត់ការចែកចាយ-សេពគ្រឿងញៀន នៅទីលានចាក់សំរាមបាន១០០%

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានកោតសរសើរអាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀន ក្នុងទីលានចាក់សំរាមបាន១០០%។ នេះជាការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃ១២ កក្កដា ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌ មានការថយចុះ៩លើក ក្នុងនោះសមត្ថកិច្ចបង្ក្រាបបាន២២០ករណី ឃាត់ខ្លួន៣៥៦នាក់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការ នៃព្រឹត្តិការណ៍ធំក្នុងរាជធានីភ្នំពេញ បានល្អប្រសើរ។

លោកបានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់ គ្រប់គណបក្សនយោបាយ ក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣បានល្អប្រសើរប្រព្រឹត្ត ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មាន អំពើហឹង្សា និងគ្មានការគំរាមគំហែង។

លោកថា តាមលទ្ធផលផ្លែផ្កាគួរមោទកភាពសម្រេចបានលើគ្រប់វិស័យ ក្នុងរយៈពេល៦ដើមឆ្នាំ២០២៣នេះ ឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ ពីការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការ ប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ របស់គណៈអភិបាលរាជធានីភ្នំពេញ។ តាមរយៈសមិទ្ធផលលើគ្រប់វិស័យ សម្រេចបានពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង និងធ្វើឲ្យប្រជាជនសាទរ និងគាំទ្រយ៉ាងទូលំទូលាយ ដោយមានជំនឿទុកចិត្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានោះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក៏បានលើកឡើងថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការលើកទឹកចិត្តដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារទាំងនេះ កាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំ របស់ក្រុមប្រឹក្សារាជធានី ឲ្យមានការកែម្រួលការងារ របស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាតផងដែរ៕

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
To Top