នយោបាយ

លោក សុខ ឥសាន ៖ ក្រុមការងារ UN គ្មានសិទ្ធិចាប់បង្ខំកម្ពុជាឲ្យដោះលែង សេង ធារី ទេ

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងក្រុមការងាររបស់អង្គការសហប្រជាជាតិ(UN)ដែលបានតាំងខ្លួនឯងជាក្រុមការងារប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តដែលទាមទារឲ្យដោះលែងកញ្ញា សេង ធារីកំពុងជាប់ពន្ធនាគារ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ពួកគេគ្មានសិទ្ធិអ្វីមកចាប់បង្ខំរាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាដែលមានសញ្ជាតិអាមេរិករូបនេះបានទេ ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣ កក្កដា នេះ លោក សុខ ឥសាន តបទៅវិញថា ពួកគេគ្រាន់តែមានសិទ្ធិបញ្ចេញមតិតែប៉ុណ្ណោះ ប៉ុន្តែគ្មានសិទ្ធិអ្វីមកចាប់ជំរិតកម្ពុជាឲ្យដោះលែងអ្នកនេះ អ្នកនោះតាមការចង់បានរបស់ពួកគេទេ ។

លោកថា “ក៏ប៉ុន្តែពួកគាត់(ក្រុមការងារUN)យកឈ្មោះអង្គការសហប្រជាជាតិមកប្រើក៏ដោយ ប៉ុន្តែគាត់ គ្មានសិទ្ធិបង្ខំរាជរដ្ឋាភិបាលកម្ពុជាដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យបានទេ ។ ជនជាប់ចោទ សេង ធារី ត្រូវជាប់ពិរុទ្ធភាពទៅលើផ្លូវច្បាប់របស់កម្ពុជាហើយ អីចឹងតុលាការកម្ពុជាក៏កាត់ទោសនៅ ក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់កម្ពុជាដែរ ។ ដូច្នេះមិនមែនយកច្បាប់អង្គការសហប្រជាជាតិ ជាទូទៅ មកអនុវត្តទេ” ។

អ្នកនាំពាក្យបក្សកាន់អំណាច ក៏បានផ្ញើសារទៅវិញឲ្យក្រុមការងារអង្គការសហប្រជាជាតិនេះ មើលលក្ខន្តិកៈ ឬធម្មនុញ្ញរបស់អង្គការសហប្រជាតិថា តួនាទីនិងភារកិច្ចរបស់ពួកគាត់ត្រូវធ្វើអ្វីខ្លះចំពោះបណ្តាប្រទេសនីមួយៗក្នុងពិភពលោកដែលជាសមាជិករបស់UN ។

ចំពោះសំណួរថា បើសិនរាជរដ្ឋាភិបាលអត់ព្រមដោះលែងកញ្ញា សេង ធារីទេ តើខ្លាចរងសម្ពាធពីបរទេសទេ ព្រោះគៀកថ្ងៃបោះឆ្នោត? លោក សុខ ឥសាន នៅតែមានចម្លើយស្រដៀងគ្នាដូចន័យ ខាងថា ពួកគេគ្មានវិសាលភាពមកចាប់បង្ខំកម្ពុជាឡើយ ។

ក្រុមការងារអង្គការសហប្រជាជាតិប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្ត ទាមទាររាជរដ្ឋាភិបាលដោះលែង សេង ធារី ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ក្រុមការងារនេះក៏បានចាត់ទុកថា ការឃុំខ្លួនសេង ធារី គឺជាការឃុំខ្លួនដោយបំពាន និងផ្ទុយពីច្បាប់អន្តរជាតិ ។ នេះបើតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី នាថ្ងៃ១២ កក្កដា ។

សូមជម្រាបថា កញ្ញាសេង ធារី ជាមេធាវីសញ្ជាតិខ្មែរ-អាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងមាតុភូមិរបស់លោក សម រង្ស៊ីកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ កញ្ញាត្រូវបានតុលាការសម្រេចបញ្ជូនទៅដាក់ពន្ធនាគារខេត្តព្រះវិហារ ក្រោយចាប់ខ្លួនបានមួយថ្ងៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ៕

To Top