ព័ត៌មានជាតិ

សម្តេចតេជោ បង្កើត App អាចឲ្យអ្នកប្រើប្រាស់ កម្សាន្តបានដូចទម្រង់ Facebook , Titk Tok , Youtube

ភ្នំពេញ ៖ កាលពីពេលថ្មីៗចុងក្រោយនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចលុបចោលគណនីហ្វេសប៊ុកសម្តេច ដែលមានអ្នកតាមដានជាង១៤លានហើយនោះ សម្តេចបានប្រកាសជាផ្លូវការនូវការបង្កើត App ថ្មីមួយ ឈ្មោះថា “Happy Watch” ដែលក្រៅពីអាចទស្សនាទូរទស្សន៍តេជោ SPM HD TV និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើនទៀតហើយនោះ App ថ្មីនេះ នឹងបន្ថែមមុខងារ ដែលស្រដៀងទៅនឹង Facebook, Titk Tok, Youtube ផងដែរ ។

តាមរយៈChennel Telegram សម្តេចតេជោ កាលពីថ្ងៃទី១២កក្កដា បានប្រកាសឲ្យពលរដ្ឋ អាចទាញយកបាន App Happy Watch99- Angkor Social Media ដែលមានមុខងារទូរទស្សន៍តេជោ SPM HD TV- (កំពុងផ្សាយសាកល្បង) ។

តាមការបញ្ជាក់ពីតេឡេក្រាមសម្តេច បានឲ្យដឹងថា “សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV” ។ ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប”។

ដូច្នេះសាធារណជនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃ ដើម្បីទទួលបានព័ត៌មានសម្តេចតេជោ បានរហ័សជាវីដេអូ (HD TV) ដែលមានសំឡេង ,ពណ៌និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅកម្ពុជាដែលអាចទស្សនានៅគ្រប់ទីកន្លែង គ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។

សេចក្តីណែនាំសូម Download “Happy Watch99” ជាមួយ QR Code នេះ ។ ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត៕

To Top