ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ។
គណៈកម្មការនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន និងអនុប្រធាន៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ ព្រមទាំងសមាជិក២១រូប។
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងផ្លូវទី៣ហើយនៅកម្ពុជា បន្ទាប់ពីគម្រោងផ្លូវទី១ ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់លើទុនវិនិយោគជាង ២ពាន់លានដុល្លារ និងបានដាក់ឲ្យដំណើរការ កាលពីចុងឆ្នាំ២០២២កន្លងទៅ និងគម្រោងផ្លូវទី២ ភ្នំពេញ-បាវិត ទុនវិនិយោគប្រមាណជា១ពាន់៧រយលានដុល្លារដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ៕