ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ស្នើឲ្យអាស៊ាន-កូរ៉េ ទាញយកប្រយោជន៍ឲ្យបានពេញលេញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើដល់អាស៊ាន-សាធារណរដ្ឋកូរ៉េ ចាំបាច់ត្រូវទាញយកប្រយោជន៍ ឱ្យបានពេញលេញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា រួមមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៣ កក្កដា បានស្វាគមន៍ការប្ដេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ចំពោះតំបន់មួយដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈការពង្រឹងចំណុចបំពេញបន្ថែមរវាងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក និង AOIP និងបានទន្ទឹងរង់ចាំការអនុម័តនៃសេចក្ដីប្រកាសរួមស្ដីពី កិច្ចសហ-ប្រតិបត្តិការ AOIP នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤ ក្នុងខែកញ្ញាខាងមុខនេះ។

អាស៊ានបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការដែលប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្ដល់សារប្រយោជន៍ទៅវិញទៅមក តាមរយៈក្រោមគំនិតផ្ដួចផ្ដើមសាមគ្គីភាពសាធារណរដ្ឋកូរ៉េ-អាស៊ាន (KASI)។

ជាមួយគ្នានោះលោក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់របស់ពាណិជ្ជកម្មសេរីនិងបើកចំហ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ ៕

To Top