ព័ត៌មានជាតិ

សម្តេចតេជោ ៖ តើអ្នកទៅបោះឆ្នោតច្រើន ឬតិច ជាងអ្នកទៅបំផ្លាញ សន្លឹកឆ្នោត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ជាសំណួរថា តើការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃ២៣ កក្កដា ខាងមុខ កម្លាំងទៅបោះឆ្នោតច្រើន ឬតិច ជាងកម្លាំងទៅបំផ្លាញសន្លឹកឆ្នោត ។

ខណៈការបោះឆ្នោតនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ហើយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅតែបន្តសកម្មភាព សម្តេចតេជោ បានបង្ហាញសារខ្លីល្មម នារសៀលថ្ងៃ១៩ កក្កដា មានន័យឌឺដង ទៅកាន់លោក សម រង្ស៊ីថា ការបោះឆ្នោត សកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែង រវាងគណបក្សនយោបាយ ចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែង យកកៅអី ក្នុងសភាជាតិ នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោត ជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត ។

សម្តេចបន្តរៀបរាប់ថា ពួកជ្រុលនិយម ដែលបញ្ជាដោយទណ្ឌិតរត់ចោលគុក ពីក្រៅប្រទេស មកបក្សនយោបាយមួយ នៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញ ចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញ ចោលការបោះឆ្នោត ដូចជា ៖ យុទ្ធនាការមិនឲ្យប្រជាជន ទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត ។

ចំណុចដូចខាងលើនេះ សម្តេចនាយករដ្ឋមន្រ្តីបានចោទជាសំណួរថា “តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យ ដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា”៕

To Top