ព័ត៌មានជាតិ

ហ្គីណេប៊ីសាវ ទទួលបានបទពិសោធន៍ថ្មីៗ ពីការបោះឆ្នោត ដោយសន្តិវិធី និងសន្តិភាព នៅកម្ពុជា

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

ភ្នំពេញ៖ លោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានបញ្ជាក់ប្រាប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោកទទួលបានបទពិសោធន៍ថ្មីៗអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

ការបញ្ជាក់ របស់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃវិមានសន្តិភាព។

ក្នុងជំនួបនោះជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ ការចំណាយពេលវេលាដ៏មានតម្លៃរបស់លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ក្នុងដំណើរមកបំពេញទស្សនកិច្ច ដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។

សម្ដេច ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវថា ជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ ដល់ការបោះឆ្នោតនៅកម្ពុជា ដែលតែងតែរៀបចំឡើងស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

សម្ដេចបានប្រាប់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវថា ឆ្លងតាមបទពិសោធន៍ រៀបចំការបោះឆ្នោត ជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជា បានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធី នៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ ។ សម្ដេចថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួន យ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំពីដំណើរការបោះឆ្នោតមួយ ទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះ ថាដោយសារកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែក ពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍ អន្តរជាតិផងដែរ ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ បានជម្រាបសម្ដេចក្រឡាហោមថា ចាប់តាំង ពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ច នៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរ ការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងការបោះឆ្នោត នៅប្រទេស គីណេប៊ីសាវដែរ ។

ដោយឡែកសម្រាប់ វិស័យកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា លោកនាយករដ្ឋមន្រ្តី ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងបង្កើត នូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាពិសេសការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តី ដែលបានវាយតម្លៃជាវិជ្ជមាន មកលើដំណើរការបោះឆ្នោត នៅកម្ពុជា ។ សម្ដេចក៏គាំទ្រ និងស្វាគមន៍គោលបំណង របស់លោកនាយករដ្ឋមន្ត្រី ដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ
ពិសេសការចែករំលែកបទពិសោធន៍ រវាងកម្លាំងនគរបាល នៃប្រទេសទាំងពីរ ដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថាប្រទេសកម្ពុជា និងហ្គីណេប៊ីសាវ នឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិាការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕

To Top