ព័ត៌មានជាតិ

Update: សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ ដល់រដ្ឋមន្ដ្រីទាំងឡាយ ដែលមិនបន្ដតំណែង ក្នុងអាណត្តិថ្មីនេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់រដ្ឋមន្ដ្រីទាំងឡាយ ដែលមិនបន្ដតំណែង ក្នុងអាណត្តិថ្មីនេះ សូមមេត្តាយោគយល់ ចំពោះការលះបង់នូវតួនាទី ។

តាមរយៈការផ្សាយផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ គូសបញ្ជាក់ថា សម្តេច នឹងមិនបន្ត ធ្វើជានាយករដ្ឋមន្ត្រីទៀតឡើយ ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៦ កក្កដានេះ ព្រះមហាក្សត្រ ទ្រង់នឹងត្រាស់បង្គាប់តែងតាំង សម្តេច ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្រោយលាឈប់ពីនាយករដ្ឋមន្ដ្រី ។

សម្ដេច បន្ដថា ក្រៅពី សម្តេច លាឈប់ ពីនាយករដ្ឋមន្ដ្រី ក៏មាន សម្តេច ស ខេង, សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រី មួយចំនួនទៀត បន្ទាប់ពីចាក់ចេញពីតំណែង នឹងក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ ព្រះមហាក្សត្រ។ សម្ដេច បន្ថែមថា បើទោះបី សម្តេច លាឈប់ពី នាយករដ្ឋមន្ដ្រី ក៏បន្តកាន់តំណែងជាប្រធាន គណបក្សប្រជាជនកម្ពុជា ដដែល។ ប៉ុន្ដែ សម្ដេច មិនជ្រៀតជ្រែងកិច្ចការរបស់ នាយករដ្ឋមន្ដ្រីថ្មី។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំសុំស្នើដល់បងប្អូន រដ្ឋមន្ដ្រីទាំងឡាយ ដែលមិនបន្ដតំណែង ក្នុងរដ្ឋមន្ដ្រីបន្ដទៀត សូមមេត្តាយោគយល់ យើងត្រូវមាន ការលះបង់មួយ ហើយអ្នកលះបង់ធំជាងគេ គឺខ្លួនខ្ញុំ បើទោះបីជា កូន របស់ខ្ញុំ បន្ដវេនក៏ដោយ ក៏ប៉ុន្ដែអ្នកធ្លាប់មានអំណាចបញ្ជា គឺអត់មានអំណាចបញ្ជា នោះជាការលះបង់ហើយ ។ ដូច្នេះ សុំឲ្យរដ្ឋមន្ដ្រីនានា ដែលមិនទទួលតំណែងតទៅទៀត អង្គុយក្នុងសភា ជាតំណាងរាស្ដ្រ ព្រោះពួកយើងចាស់ៗ ណាស់ហើយ មួយចំនួនទៀត ក៏អាចតែតាំងទីប្រឹក្សារាជរដ្ឋាភិបាល នឹងមួយចំនួនទៀត ក៏អាចក្លាយទៅជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ»។

សម្ដេច បន្ថែមថា ក្រោយរដ្ឋមន្ដ្រីមួយចំនួន មិនកាន់ជារដ្ឋមន្ដ្រី តទៅទៀតនោះ អាចឈរជាសមាជិកព្រឹទ្ធសភា ព្រោះថា សមាជិកព្រឹទ្ធសភា មួយចំនួនក៏មានអាយុ ៨០ ឬលើស ៨០ឆ្នាំ ក៏ល្មមចាកចេញពីតំណែងផងដែរ ។ ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ថា សម្តេច ក៏នឹងទៅកាន់តំណែង ជាប្រធានព្រឹទ្ធសភា ជំនួស សម្តេច សាយ ឈុំ ក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

To Top