ព័ត៌មានជាតិ

សម្តេចតេជោ៖ ការចុះចេញពីតំណែងមានជីវិត ប្រសើរជាងអស់ជីវិត

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការចុះចេញពីតំណែងពេលមានអាយុជីវិត ប្រសើរជាងអស់ជីវិត ខណៈការដាក់ចេញបង្កើត រាជរដ្ឋាភិបាលអាណត្តិថ្មី មានសេណារីយ៉ូចំនួន២។

ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវក្រវាត់ក្រុងទី៣ នាថ្ងៃ៣ សីហា សម្តេចតេជោបានលើក ពីសេនារីយោចំនួនពីរ ពីការបង្កើតរាជរដ្ឋាភិបាលថ្មី ដោយសេណារីយ៉ូទី១ ៖ ឲ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេណារីយ៉ូទី២ ៖ ឲ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង ហើយចុងក្រោយសម្រេចយកសេនារីយោទី២ ខណៈអ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់។

សម្រាប់សេណារីយ៉ូទី២នេះ សម្តេចគូសបញ្ជាក់ថា គឺឲ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់ឲ្យមាន អន្តរកាលមួយឲ្យអ្នកចាស់ទេ។ ការសម្រេចបែបនេះ ដើម្បីផ្តល់អំណាចពេញលេញទៅឲ្យអ្នកបន្តវេន មានលទ្ធភាពធ្វើកិច្ចការរបស់ ពួកគេពេញមួយអាណត្តិតែម្តង។ សម្តេចតេជោថា ការធ្វើបែបនេះ ជាការធានាដ៏ធំបំផុតដែលនឹង គ្មានវិបត្តិណាមួយកើតឡើង នៅពេលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើតមានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់គឺនឹងគ្មានអ្វីកើតនោះទេ ។

ចំណុចនេះត្រូវសម្តេចតេជោសង្កត់ធ្ងន់ថា «ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត ហើយការរៀបចំផ្ទេរតំណែងនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។ សម្រាប់ការប្រគល់តួនាទី ឲ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍ»។

សម្តេចតេជោឲ្យដឹងទៀតថា សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដឹកនាំក្រសួង ស្ថាប័នដែលជាក្រុមវ័យក្មេងទទួលបាន ការបណ្តុះបណ្តាលជាច្រើនមកហើយដូចជា ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា , លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន , លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្មេងៗមួយចំនួនទៀតបានអមធ្វើជា រដ្ឋលេខាធិការរួចទៅហើយដែលសបញ្ជាក់ថា យុវជនបន្តវេនទាំងនេះ មានចំណេះដឹងគ្រប់គ្រាន់សម្រាប់ក្លាយជា អ្នកបន្តវេនដឹកនាំរាជរដ្ឋាភិបាលថ្មី ៕

To Top