ព័ត៌មានជាតិ

បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែនជិត៨០០គីឡូក្រាម ឃាត់ខ្លួនជនជាតិតៃវ៉ាន់ ៦នាក់

រូបភាព៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ៦នាក់ ។

បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រិដ្ឋជនគ្រឿងញៀនដែលមានអង្គការចាត់តាំងជនជាតិចិន(តៃវ៉ាន់)១ក្រុមដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។

ជាក់ស្ដែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា២ក្រុម ។

ក្រុមទី១៖ នៅវេលាម៉ោង ២និង៣០យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ខេត្តព្រះសីហនុ ឃាត់ជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់): ១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២, ២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g , រថយន្ត ១គ្រឿង និងទូរស័ព្ទ ២គ្រឿង។

ក្រុមទី២៖ នៅវេលាម៉ោង ៧និង៣០ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ៩ និងលេខ ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)៖ ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។

២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ ក្នុងនោះចាប់យកវត្ថុតាង៖ រថយន្ត ៣គ្រឿង, ម៉ូតូ ២គ្រឿង, ទូរស័ព្ទ ៥គ្រឿង។ គណនីធនាគារ ៨គណនី ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

To Top