ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គណបក្សប្រជាជនកម្ពុជា នៅតែរក្សា បានការឯកភាព ផ្ទៃក្នុងដ៏រឹងមាំ

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

ភ្នំពេញ ៖ ក្រោយមានមតិក្រុមប្រឆាំង លើកឡើងជាញឹកញាប់ ក្រោយការបោះឆ្នោត អំពីការប្រកាសលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី ហើយធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជា កំពុងស្ថិតក្នុងការរង្គោះរង្គើរផ្ទៃក្នុងជាខ្លាំងនោះ នៅថ្ងៃ៤ សីហានេះ សម្ដេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានចេញមកឆ្លើយតបវិញថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកប ដោយសុខសន្តិភាព និងការអភិវឌ្ឍ ។

តាមរយៈគេហទំព័រ ហ្វេសប៊ុក នារសៀលថ្ងៃទី៤ សីហា សម្ដេច ស ខេង បានរៀបរាប់ថា ក្រោយការបោះឆ្នោតជាសាកល ជ្រើសរើសតំណាង រាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលបង្ក្រាបបង្គំគាល់ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា «មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា»។

ចំពោះសាររបស់ក្រុមប្រឆាំង សម្ដេចអះអាងថា ជ័យជម្នះនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រ យ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ។

សម្ដេច ស ខេង គូសបញ្ជាក់ថា «ប្រសិនបើមានការបែកបាក់ដូចការគិតស្មាន របស់ពួកគេមែននោះ ម៉្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ»។

សម្ដេចគូសបញ្ជាក់ទៀត «ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើង តាំងពីគណបក្ស នយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះ បានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែ ធ្វើនយោបាយ ដ៏ឆោតល្ងង់មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្ស ប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេស ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ»។

សម្ដេចបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។

សម្តេចក៏បានបញ្ជាក់ជាថ្មីម្តងទៀតពីការ គាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោជាប្រធាន ។ ក្នុងន័យនេះ សម្តេចនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាលអាណត្តិទី៧ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញ ភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ តាមគោលការណ៍ទាំងឡាយ ដែលសម្រេចដោយសន្និបាត គណបក្សប្រជាជនកម្ពុជា ៕

To Top