ព័ត៌មានជាតិ

អ្នកដំណើរ អាចឆ្លងកាត់ ផ្លូវវាង ត្រង់ចំណុចបាក់ស្រុត នៅផ្លូវលេខ៧៦A ក្នុងខេត្តមណ្ឌលគិរីបានហើយ

ភ្នំពេញ ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យអ្នកដំណើរឆ្លងកាត់ផ្លូវវាង ត្រង់ចំណុចបាក់ស្រុត កាលពីប៉ុន្មានថ្ងៃមុន នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរីបានហើយ ខណៈមន្ត្រីជំនាញកំពុងប្រើប្រាស់គ្រឿងចក្រ ជាច្រើនគ្រឿង សម្រុកឈូសឆាយផ្លូវវាង ឲ្យឆាប់រួចរាល់។

យោងតាមគេហទំព័រ ហ្វេសប៊ុក របស់រដ្ឋបាលសាលាខេត្តមណ្ឌលគីរី នាថ្ងៃ៧ សីហា បានឲ្យដឹងថា «សូមគោរពជូនដំណឹង ដល់សាធារណៈជន មេត្តាជ្រាបថា ផ្លូវវាង ផ្លូវបាក់ស្រុតលេខ៧៦A ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងអាចធ្វើដំណើរឆ្លងកាត់ បានហើយចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣នេះទៅ សូមថ្លែងអំណរគុណដល់ក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានអនុវត្ត សំរេចតាមផែនការ»

សូមរំលឹកថា បន្ទាប់ពីទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឲ្យមានជំនន់ទឹកភ្លៀងទឹកហូរ ច្រោះបណ្តាលឲ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបាន សម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ រដ្ឋបាលខេត្តក៏បានធ្វើការបិទផ្អាក ការធ្វើចរាចរជាបណ្តោះអាសន្ន កាលពីថ្ងៃ១ សីហា ៕

To Top