ព័ត៌មានជាតិ

អ្នកស្រុកនៅខេត្តចំនួន៤ ក្នុងប្រទេសវៀតណាម នាំគ្នាសម្រុកឆក់ជន្លេន យកលក់ឱ្យឈ្នួញ នាំទៅប្រទេសចិន

បរទេស៖ អ្នកការពារបរិស្ថាននៅប្រទេសវៀតណាម កំពុងបង្កើនការព្រមាន ខណៈដែលអ្នកស្រុកនៅភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាទៅឆក់សត្វជន្លេន ដូចជាឆក់ត្រីដែរ ដើម្បីយកទៅលក់ឱ្យឈ្មួញចិន។

យោងតាមសារព័ត៌មាន VN Express របស់វៀតណាម ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អស់រយៈពេលប្រហែលមួយខែមកហើយ ម្ចាស់កសិដ្ឋាននៅភាគខាងជើងខេត្ត Hoa Binh, Son La, Tuyen Quang និងខេត្ត Bac Giang ត្រូវបានគេរាយការណ៍ពីការកើនឡើង នៃចំនួនមនុស្សដែលចាប់ជន្លេននៅលើដីរបស់ពួកគេដោយប្រើឧបករណ៍ឆក់ដោយចរន្តអគ្គិសនី។

អាវុធឆក់ជន្លេនមានកំណាត់មុខស្រួចពីរ ភ្ជាប់ជាមួយអាគុយ។ បន្ទាប់ពីកំណាត់ដែកត្រូវបានចាក់ចូលទៅក្នុងដី គឺសត្វជន្លេនត្រូវបានបង្ខំងើបចេញពីដីដើម្បីគេចពីចរន្តអគ្គិសនី។
ឧបករណ៍បែបនេះអាចទិញបានយ៉ាងងាយស្រួលតាមអ៊ីនធឺណិតពីប្រទេសចិន។

បន្ទាប់ពីចាប់ជន្លេនបានហើយ ប្រជាជនបានលក់ជន្លេនទាំងនោះទៅកន្លែងដែលគេហាលឱ្យស្ងួត ហើយក្រោយមកលក់ទៅឱ្យឈ្មួញ ដែលបន្ទាប់មកនាំចេញទៅប្រទេសចិន តាមច្រកខុសច្បាប់។

លោក Van Thinh ជាអ្នកស្រុកនៅខេត្ត Bac Giang បាននិយាយថា សត្វជន្លេនដ៏គួរឱ្យភ្ញាក់ផ្អើលបានក្លាយជា “ការងារ” ដ៏ពេញនិយមនៅក្នុងភូមិរបស់គាត់ ហើយឧបករណ៍ដែលប្រើសម្រាប់សម្ងួតសត្វជន្លេន គឺអាច “រកបានយ៉ាងងាយស្រួលគ្រប់ទីកន្លែង” នៅក្នុងភូមិ។ ជន្លេននឹងត្រូវបានកែច្នៃដោយយកសរីរាង្គទាំងអស់ចេញ ហើយអ្វីដែលនៅសេសសល់នឹងត្រូវហាលឱ្យស្ងួត។

អាជីវករដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ជាមធ្យម ជន្លេនរស់ប្រហែល ១៣ គីឡូក្រាម ពេលហាលឱ្យស្ងួតនៅសល់ប្រហែល១ គីឡូក្រាម។ យើងលក់វាទៅប្រទេសចិនក្នុងតម្លៃ ៦សែន ទៅ ៧សែន ដុងក្នុងមួយគីឡូក្រាម”។

មនុស្សម្នាក់ បាននិយាយថា «មិនដឹងថាអ្នកទិញជនជាតិចិនយកជន្លេនទាំងនោះទៅយកដើម្បីអ្វីនោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top