ព័ត៌មានជាតិ

សត្វផ្សោតមួយក្បាលបានងាប់ ដោយសារជាប់មង ក្នុងស្រុកមុខកំពូល

ភ្នំពេញ ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋជួយថែរក្សា និងការពារសត្វផ្សោតនៅតាមដងទន្លេ បន្ទាប់ពីមានសត្វផ្សោតមួយក្បាលបានងាប់ ដោយសារជាប់មងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នាថ្ងៃទី៩ សីហា បានគូសបញ្ជាក់ថា «នាថ្ងៃទី៩ សីហា វេលាម៉ោង ៥៖៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត ទម្ងន់ ១៤,៤គីឡូក្រាម អាយុប្រមាណ ២ខែ បានងាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល»។

រដ្ឋបាលជលផល បន្ដថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន ៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន ៥ក្បាល និងមានស្លាប់ ៣ក្បាល នាំឲ្យចំនួនសត្វផ្សោតសរុបមានចំនួន ៩២ក្បាល។

រដ្ឋបាលជលផលបញ្ជាក់ទៀតថា «សូមអំពាវនាវដល់បងប្អូនអ្នកនេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជា និងពិភពលោក។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្ដល់ព័ត៌មានដល់មន្ត្រី ជំនាញផលផលដែលនៅជិត»។

សូមជម្រាបថា នៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញស្លាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងងាប់៕

To Top