ព័ត៌មានជាតិ

អ្នកវិភាគ ៖ លោក វ៉ាង យី មកកម្ពុជា អាចជាការនាំពាក្យពីមេដឹកនាំចិន ចំពោះគោលជំហរខ្លួនជាមួយកម្ពុជា ទោះបណ្ឌិតហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្រ្តីថ្មី

ភ្នំពេញ ៖ មុនមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ជារដ្ឋមន្រ្តីការបរទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ត្រូវបានលោក គិន ភា ដែលជាអ្នកវិភាគនយោបាយបានមើលឃើញថា អាចជាសារនាំពាក្យពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលចង់បង្ហាញពីគោលជំហររបស់ខ្លួនជាមួយកម្ពុជា ទោះបីកម្ពុជាផ្លាស់ប្តូរមេដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ជាឪពុក មកលោកបណ្ឌិត ហ៊ុន ម៉ាណែតជាកូនប្រុសច្បងក្តី។

សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកវ៉ាង យី ដែលបានឡើងជារដ្ឋមន្រ្តីការបរទេសចិនថ្មីកាលពីថ្ងៃទី២៥កក្កដា ជំនួសលោក ជីន កង ដែលត្រូវបានដកតំណែងនោះគឺលោកបានចាប់ផ្តើមកាលពីថ្ងៃ១០ សីហា នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៣ រួមមាន ៖ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសខ្មែរ ប្រមុខការទូតចិននឹងចាប់ផ្តើមទស្សនកិច្ចរបស់ខ្លួននៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១២-១៣ សីហា ។ លោកវ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ មានជំនួបជាមួយសម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែតផងដែរ ។

លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១១ សីហា ថា បន្ទាប់ពីបំពេញទស្សនកិច្ចនៅសិង្ហបុរីហើយ លោក វ៉ាង យី នឹងបន្តមកកម្ពុជា ។ សម្រាប់លោកមើលឃើញថា នឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសជាសមាជិកអាស៊ាន និយាយជារួម ប៉ុន្តែនិយាយដោយឡែកសម្រាប់កម្ពុជាវិញក៏នឹងផ្តល់ផលប្រយោជន៍ដែរ ព្រោះកម្ពុជាមានទំនាក់ទំនងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលជាមិត្តដែកថែប ។ សម្រាប់លោកផ្ទាល់មើលឃើញថា ដំណើរទស្សនកិច្ចនេះ កាន់តែមានទំនាក់ទំនងទ្វេដងបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការសន្តិសុខជាតិ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមវប្បធម៌ជាដើម ។

ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននេះដែរលោកថា អះអាងថា ក៏រំលេចឲ្យឃើញពីសារៈសំខាន់របស់កម្ពុជាក្នុងភាពជាទំនាក់ទំនងជាមួយចិនដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តីចាស់ និងបន្តមកលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃ ២២ សីហា ខាងមុខ។

ចំណុចនេះលោកគិន ភា បានគូសសង្កត់ធ្ងន់ថា “វត្តមានរបស់លោក វ៉ាង យីក៏ជាសញ្ញាវិជ្ជមានមួយ អាចថា ជាការនាំពាក្យពីរដ្ឋាភិបាលចិន ពាក់ព័ន្ធជំហរមិនផ្លាស់ប្តូររបស់ចិនចំពោះប្រទេសកម្ពុជា បើ ទោះបីជាស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោក្តី ទោះស្ថិតនៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតក្តី។ នេះគឺជាសញ្ញាវិជ្ជមានមែនទែន សម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំង២”។

សូមបញ្ជាក់ថា លោក វ៉ាង យី ក្នុងវ័យ៦៩ឆ្នាំបានបម្រើការងារជារដ្ឋមន្ត្រីការបរទេសចិន ចាប់តាំងពីឆ្នាំ២០១៣មក ប៉ុន្តែកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ លោក ជីន កង ត្រូវបានជ្រើសរើសឲ្យឡើងជារដ្ឋមន្រ្តីជំនួសលោក វ៉ាង យីទៅវិញ ប៉ុន្តែក្រោយពីការបាត់ខ្លួនពីភ្នែកសាធារណៈអស់ប្រមាណជាមួយខែរបស់លោក ជីន កង កាលពីខែមិថុនា ឆ្នាំ២០២៣នេះ លោក វ៉ាង យី ក៏ត្រូវបានជ្រើសតាំងឡើងវិញកាលពីថ្ងៃ២៦ កក្កដា ៕

To Top