ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ៖ ក្នុងនាមជាមន្ដ្រីនគរបាលជាតិ ត្រូវបម្រើពលរដ្ឋដោយទន់ភ្លន់

រូបភាពពី អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ ហើយត្រូវដឹងសុខទុក្ខពីប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ក្នុងនាមកងកម្លាំង ត្រូវតែបម្រើការពារ សុខសុវត្ថិភាព ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចការសន្តិសុខ ដោយអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

នាយឧត្តមសេនីយ៍ គូសបញ្ជាក់ថា «ក្នុងនាមមន្ត្រី នគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋ ដោយលក្ខណៈទន់ភ្លន់ដឹង សុខទុក្ខប្រជាពលរដ្ឋ ផ្តល់ការទំនាក់ទំនង និងភាពងាយស្រួល ជូនពលរដ្ឋ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល»។

នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់គណៈបញ្ជាការ ឯកភាពខេត្ត ត្រូវដាក់ចេញនូវរបបប្រជុំ ឲ្យបានទៀងទាត់ ដោយក្នុងនោះស្នងការនគរបាលខេត្ត ត្រូវដើរតួនាទីជាសេនាធិកាជូនគណៈបញ្ជាការឯកភាពខេត្ត និងលើកយករាល់បញ្ហាផ្សេង ដែលកើតមានក្នុងមូលដ្ឋានមកដាក់ក្នុងអង្គប្រជុំ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ។

លើសពីនេះ លោក នេត សាវឿន ក៏បានសំណូមពរដល់ស្នងការនគរបាលខេត្តតាកែវ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធពាក់ព័ន្ធ ព្រមទាំងពង្រឹងវិន័យ របៀបរបបការងារ ពិសេសនគរបាលចរាចរណ៍អនុវត្តលើដងផ្លូវ ដោយត្រូវពង្រឹងសីលធម៌ និងត្រូវមានគុណធម៌ ពិសេសពង្រឹងបន្ថែម ដល់មន្ត្រីនគរបាល តាមរយៈការហ្វឹកហាត់ ការរៀនសូត្របណ្តុះបណ្តាលបំប៉ន តាមជំនាញបន្ថែមទៀតដល់មន្ត្រីនគរបាលចរាចរណ៍ អន្តរាគមន៍និងមន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានគុណភាព និងសមត្ថិភាព ៕

To Top