ព័ត៌មានជាតិ

មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនវីតាល់-មីជាតិ ចុះ MOU ស្ដីពីកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនវីតាល់-មីជាតិ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ, វេជ្ជបណ្ឌិត, បុគ្គលិក, មជ្ឈមណ្ឌលជាតិផ្តល់ឈាម, ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនវ័ន ហ្រ្វេតធើនីធី បានលើកឡើងថា ថ្ងៃនេះ ជាឱកាស នៃការពង្រីកការផ្លាស់ប្តូរ ទំនាក់ទំនងរវាង មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម និងវីតាល់-មីជាតិ ឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌជាទ្វេភាគី ដោយនាំមកនូវផលប្រយោជន៍សំខាន់ៗ កាន់តែច្រើនដល់ស្ថាប័នទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់ការជំរុញ ចលនាបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងមានសុវត្ថិភាព ដល់សាធារណៈជន និងសប្បុរសជន។

លោកស្រី បន្ដថា វីតាល់ បានចាប់ផ្តើមធ្វើការងារជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចាប់តាំងពីឆ្នាំ២០១១ គឺក្រោយវីតាល់ បានចេញលក់លើទីផ្សារ បានមួយឆ្នាំ ដោយគ្រានោះក្នុងជំនាន់ ឯកឧត្តម ហុក គីមចេង ជាប្រធានមជ្ឈមណ្ឌល យើងបានចាប់ផ្តើមជាមួយគ្នា ក្នុងការចុះប្រមូលអំណោយឈាម តាមបណ្តារគ្រឹះស្ថាន ស្ថាប័នរដ្ឋ និងឯកជន ដោយមានវីតាល់ទៅជាមួយរហូត ស្ទើរតែគ្រប់កម្មវិធី ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី អគ្គនាយិកាក្រុមហ៊ុន កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលធំធេងជាច្រើន តាមរយៈកំណែទម្រង់ និងការបើកទូលាយ ដល់ការទទួលអំណោយឈាម និងសកម្មភាពចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រសួងសុខាភិបាល ដែលបានសម្រេចនូវជោគជ័យជាច្រើន និងធានាបាននូវស្តុកឈាម សម្រាប់ប្រើប្រាស់ជាប្រចាំ ប្រកបដោយសុវត្ថិភាព ។

ជាមួយគ្នានេះផងដែរ លោកស្រី អគ្គនាយិកាក្រុមហ៊ុន បានលើកទឹកចិត្តដល់សប្បុរសជន និងអ្នកស្ម័គ្រចិត្ត សូមបន្តចូលរួមបរិច្ចាគឈាម ព្រោះការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យយើង មានសុខភាពល្អប្រសើឡើងវិញ តាមរយៈការផ្លាស់ប្តូរឈាម ធ្វើឱ្យចិត្តមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាបុណ្យកុសល ដែលពុំបាច់អស់ថវិកាផងដែល។

ដោយឡែក លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រី ជឹង សុគន្ធាវី និងក្រុមហ៊ុនដែល បានផ្តួចផ្តើម និងរៀបចំកម្មវិធីនៅថ្ងៃនេះ ។

លោកលោកវេជ្ជបណ្ឌិតបន្តថា ជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនតែងតែបានគិតគូរ នូវរាល់កង្វះខាត របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងបានបង្ហាញពីការចូលរួមចំណែក យ៉ាងសកម្មក្នុងការងារសង្គមនិងមនុស្សធម៌ ។

ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត បានជម្រាបជូន ស្ដីពីការរួមចំណែកគាំទ្រសហការ រវាងក្រុមហ៊ុន និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដោយបានប្រើប្រាស់ទឹកបរិសុទ្ធវីតាល់តាំងពីឆ្នាំ២០១១ មកពេលនោះ ក្រោមការដឹកនាំរបស់ ឯកឧត្ដមវេជ្ជបណ្ឌិត ហុក គីមចេង ដែលជាអតីតប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងបច្ចុប្បន្នជាអគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល ។

លោកបានអោយដឹងថា ចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ក្រុមហ៊ុន វីតាល់ មីជាតិ បានជួយផ្គត់ផ្គង់ភួយ បដាផ្សព្វផ្សាយ កូនបាល់ ទឹកពិសា អាវ ជាពិសេសទៅទៀតនោះ ក្នុងដំណាក់កាលរាតត្បាត នៃកូវីដ-១៩ ក្នុងប្រទេសកម្ពុជា វត្ដមានរបស់ មីជាតិ បានជួយសម្ភារៈដល់មណ្ឌលយកសំណាកកូវីដ និងម៉ាស៊ីនQ.M.S. ក្នុងការជួយសម្រួលដល់ដំណើរការ របស់អ្នករង់ចាំ បរិច្ចាគឈាមអោយមានរបៀបរៀបរយផងដែរ។

ជាថ្មីម្ដងទៀត លោកវេជ្ជបណ្ឌិត និងមន្រ្ដីរាជការទាំងអស់ សង្ឃឹមថា វីតាល់ មីជាតិ នៅតែបន្ដឧបត្ថម្ភគាំទ្របន្ថែមទៀតជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនវ័ន ហ្រ្វេតធើនីធី និងគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុនដែលតែងតែជួយរៀបចំកម្មវិធីបរិច្ចាគឈាម និងជួយឧបត្ថម្ភថវិកា និងសម្ភារជាច្រើនទៀត ដល់ដំណើរការសេវាកម្មជាតិផ្តល់ឈាម៕

To Top