ព័ត៌មានជាតិ

ស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ចង់ចាប់ដៃកិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោកបណ្ឌិតរង់ចាំ

រូបភាពពី៖ ហ្វេសប៊ុកDave Leduc

ភ្នំពេញ ៖ ស្តេចប្រដាល់ប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Dave Leduc ចង់ចាប់ដៃ កិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នៅពេលលោកមកប្រកួតគុនខ្មែរនៅកម្ពុជា ចុងឆ្នាំនេះ ។ ចំពោះការប្រកាស លើបណ្តាញ សង្គមហ្វេសប៊ុករបស់លោក Dave Leduc ចង់ចាប់ដៃលោកបណ្ឌិតនេះ ក៏ត្រូវបាន កិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត យល់ព្រមផងដែរ ។

ក្រៅពីការចង់ចាប់ដៃហើយ ស្តេចប្រដាល់រូបនេះ ក៏បានអបអរសាទរលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាផងដែរ ។

បើអ្វីដែលលោកបានប្រកាស គឺតាមគម្រោងខ្លួន​​ នឹងមកទស្សនាកម្ពុជាចុងឆ្នាំនេះ ។ លោកថា “នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា” ។

Dave Leduc ក៏បានបង្ហាញពីអ្នកតាមដានលោកថា មានចំនួនរាប់លាននាក់ ខណៈនៅមីយ៉ាន់ម៉ាមានប្រជាជនចំនួន៥៤លាននាក់ ក្នុងគ្រាកម្ពុជាមាន១៦លាននាក់។ លោកអះអាងថា​ ប្រទេសទាំងពីរនឹងលើកទឹកចិត្តដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា-កម្ពុជាតាំងពីបុរាណកាលមក។ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះនឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍លោកផងដែរ ។

ចំណុចដែលរៀបរាប់ពីគុណសម្បត្តិខ្លួនឯងបែបនេះ លោកក៏បានចោទសួរទៅកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែតថា “តើឯកឧត្តមចូលចិត្តសិល្បៈក្បាច់គុនឬទេ ? ប្រសិនបើចូលចិត្តនោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ” ។

លោក Dave Leduc បានរៀបរាប់ដោយសង្កត់ធ្ងន់ពីគុនខ្មែរបន្តទៀតថា “ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត… ខ្ញុំចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ” ។

ចំពោះសំណូមពររបស់ Dave Leduc នេះលោកបណ្ឌិត ហ៊ុន ម៉ាណែត តបតាមហ្វេសប៊ុកទៅវិញថា នឹងរង់ចាំជួបស្តេចប្រដាល់មីយ៉ាន់ម៉ានៅចុងឆ្នាំនេះ ។ ដោយលោកបណ្ឌិតពោលពាក្យថា “សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា” ៕

To Top