ព័ត៌មានជាតិ

សម្ដេច ស ខេង គាំទ្រការបង្កើត រាជរដ្ឋាភិបាលថ្មី ដើម្បីអភិវឌ្ឍន៍កម្ពុជាបន្ដ

រូបភាព អេង ប៊ូឆេង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសគាំទ្រ ចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបន្ដអភិវឌ្ឍ ប្រទេសកម្ពុជា បន្ថែមទៀត ។

អាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាព ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីន ដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយមានកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេច ស ខេង បានឲ្យដឹងថា សម្ដេចនឹងចាកចេញពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ដោយគាំទ្រចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំ គាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជម្នះបានបញ្ហាទាំងឡាយ ដែលបានកំពុងកើត ដើម្បីនាំកម្ពុជា មានសុខសន្ដិភាព ស្ថិរភាព និងមានការអភិវឌ្ឍបន្ដទៀត»។

ជាមួយគ្នានេះ សម្ដេច ស ខេង បានលើកឡើងថា សម្រាប់មន្ដ្រីក្រសួងមហាផ្ទៃ អ្នកខ្លះផ្ទេរចេញកន្លែងថ្មី និងអ្នកខ្លះទៀតបន្ដការងារ ក្នុងក្រសួងមហាផ្ទៃដដែល ។ សម្ដេច ផ្ដាំផ្ញើដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹងធ្វើការងារបន្ដទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការបម្រើជាតិ និងប្រជាជន ៕

To Top