ព័ត៌មានជាតិ

សម្ដេច ស ខេង មានជំនឿថា បណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជា បន្ដសម្រេចបានជោគជ័យថែមទៀត

ភ្នំពេញ ៖ សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានជំនឿថា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជា បន្តឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត បន្ទាប់ពីរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីថ្មី របស់កម្ពុជា។

តាមរយៈសារលិខិតអបអរសាទររបស់ សម្ដេច ស ខេង ផ្ញើជូន កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ឆ្លុះបញ្ចាំងការជឿទុកចិត្តលើគុណវុឌ្ឃបទពិសោធន៍និងសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ភាពប៉ិនប្រសព្វ ម៉ឺងម៉ាត់ ព្រមទាំងប្រកបដោយ សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ និងមនសិការស្នេហាជាតិរបស់ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈការរួមចំណែកសម្រេចបាននូវសមិទ្ធផលធំៗ ជូនជាតិមាតុភូមិ នាពេលកន្លងមក។

សម្ដេច បញ្ជាក់ថា «ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ក្នុងមុខតំណែងដ៏មានសារៈសំខាន់នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជា បន្តឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត បន្តធានាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព សិទ្ធិសេរីភាព ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ បម្រើដល់ឧត្តមប្រយោជន៍ ជូនសង្គមជាតិ និងប្រជាជន»៕

To Top