ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តីឯកភាព លើសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតក្រសួងអធិការកិច្ច

រូបភាពពី៖​ ​ហ្វេសប៊ុកគណៈរដ្ឋមន្ដ្រី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចឯកភាពលើសេចក្ដីព្រាងច្បាប់ស្ដីពីការស្ដីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានគូសបញ្ជាក់ថា នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាល​បាន​បង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលបំណងលើកកម្ពស់​និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុច្ចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និង​ភាព​ស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់​បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ដោយយោងតាមសាវ​តា​រ​​លើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើ​វិស័យ​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្តូរឈ្មោះក្រសួងជា «ក្រសួង​អធិ​ការកិច្ច» ពិតជាឆ្លើយតបនឹង (១) កម្មវិធីនយោបាយ​របស់រាជ​រដ្ឋា​ភិបាលអាណត្តិទី៧ និង​យុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១, (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅ ឧត្តម​ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណង​ប្រាថ្នា​របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច។សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន ១០មាត្រា ៕

To Top