ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ឱ្យរដ្ឋមន្ដ្រីតាមក្រសួងត្រូវបែងចែកភារកិច្ច រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ឱ្យរួចរាល់ នៅសប្តាហ៍ក្រោយ

រូបភាពពី៖​ ដើមអម្ពិល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា មិនទាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។

តាមរយៈសារសំឡេង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការអនុវត្តការងាររបស់ក្រសួងស្ថាប័ន»។

សម្ដេច បន្ដថា ក្នុងការកំណត់ការបែងចែងភារកិច្ច ការទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវដាច់ខាតធានាឱ្យបាន នូវការបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃ ក្នុងការដឹកនាំផ្ទាល់លើការងាររបស់អង្គភាពជំនាញរបស់ក្រសួងស្ថាប័ន ដោយមិនឆ្លង ឬរំលងឋាននុក្រមបច្ចេកទេស។

សម្ដេច បន្ថែមថា ប្រសិនបើមានការរៀបចំប្រគល់ភារកិច្ច ឱ្យមន្រ្តីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុកការងារជួយ ការងារនាយកដ្ឋាន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមានការរំលងឋានានុក្រម ដឹកនាំផ្នែកបច្ចេកទេស ដូចជា៖ ការរំលង ឬមិនឆ្លងថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ឬអគ្គលេខាធិការដ្ឋាននោះទេ។ ត្រូវចាត់ទុកថា ការធានានូវសាមគ្គីភាព ឯកភាព សាមគ្គីភាព សុខដុមរមនីយកម្មការងារ នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ គឺជាកិច្ចការអាទិភាពដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ចំពោះមុខ ត្រូវខិតខំធានាឱ្យបាននូវនិរន្តរភាព និងស្ថិរភាព នៃការអនុវត្តការងារនៅក្នុងស្ថាប័ន។ នៅក្នុងករណីចាំបាច់ ដែលត្រូវធ្វើវិចារណកម្មមុខងារ ថ្នាក់បច្ចេកទេស និងរៀបចំមន្រ្តីឡើងវិញ ត្រូវគិតគូរលើគោលការណ៍ជាមូលដ្ឋានចំនួន២ ដែល សម្ដេច បានណែនាំកន្លងមកនេះ គឺទី១. គោលការណ៍គុណាធិបតេយ្យ ដោយផ្អែកជាចម្បងលើគុណសម្បត្តិ ស្នាដៃការងារ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌របស់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទី២.គោលការណ៍គុណធម៌ ដើម្បីធានាបានឯកភាព និងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន។

សម្ដេច លើកឡើងទៀតថា ទន្ទឹមនឹងនេះ ត្រូវរៀបចំចាត់តាំងប្រគល់ភារកិច្ចជូនមន្រ្តី ដោយផ្អែកលើមូលដ្ឋាន ការប្រមូលផ្តុំទាំងអស់ជាកម្លាំងសរុបរបស់ស្ថាប័ន តាមរយៈការធ្វើសុខដុមរមនីយកម្ម និងការរៀចំឱ្យមន្រ្តីចាស់ ដែលមានបទពិសោធន៍ និងជំនាញ និងមន្រ្តីថ្មីដែលជាកម្លាំងថ្មី បានរួមធ្វើការជាមួយគ្នា តាមរយៈទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»។ ធ្វើយ៉ាងនេះគឺសំដៅលើកម្ពស់សមត្ថភាពស្ថាប័ន ឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព៕

To Top