ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំ ទាំងផ្ទៃក្នុងជាតិ និងលើឆាកអន្តរជាតិ

រូបភាព៖ ហ្វេសប៊ុកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរទៅក្រៅប្រទេសនាពេលនេះ មានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ផ្ទៃក្នុងជាតិ​ ប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ឱ្យដឹងថា ការចេញដំណើររបស់ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកនាំពាក្យ បានលើកឡើងថា នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេ ក្នុងចំណោមមេដឹកនាំដែល ចូលរួមប្រជុំនៅហ្សាការតា ក៏គ្រោងជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយ ជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, គណៈប្រតិភូសភា និងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។

អ្នកនាំពាក្យ បន្ដថា រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើសារអបអរសាទររហូតដល់ពីរ ឬបីក៏មានពោល គឺសារអបអរសាទរពី នាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្ត និងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ មកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេន របស់កម្ពុជាតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ។

អ្នកនាំពាក្យ បន្ថែមថា ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោត មានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយ ភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះ នៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង»៕

To Top