ព័ត៌មានជាតិ

ម៉ាឡេស៊ី ចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏កំពូល នៃប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៥ កញ្ញានេះ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងបញ្ជាក់ថា ម៉ាឡេស៊ី តែងចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា ។

ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោត សរសើរចំពោះ សម្ដេចតេជោ ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អ របស់ម៉ាឡេស៊ី ហើយរូប លោកផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុកថា «សម្ដេចតេជោ ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា» ។

នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏មានជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ៕

To Top