ព័ត៌មានជាតិ

មេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាច្រើនលើវិស័យសក្តានុពល សម្រាប់ពង្រឹង និងពង្រីកសហប្រតិបត្តិការ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាគ្នាជាច្រើន លើវិស័យដែលមានសក្តានុពល សម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន ។

ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាការងារជាច្រើន ជុំវិញវិស័យដែលមានសក្តានុពលរួមមាន ៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាព រវាងប្រទេសទាំងពីរ។

ក្នុងនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគីដែលជាយន្តការ នៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការពហុភាគី នៃក្របខណ្ឌអាស៊ាន ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ក្នុងពេលសមស្របណាមួយ នាពេលអនាគតផងដែរ ។

ដោយឡែក លោកប្រធានាធិបតីបានឆ្លើយតបចំពោះការស្វាគមន៍នេះ និងបានសម្តែងការអបអរសាទរចំពោះ សម្តេចធិបតី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា៕

To Top