ព័ត៌មានជាតិ

ប្រធានាធិបតីកូរ៉េ សន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើនចំនួនពលករខ្មែរ កាន់តែច្រើនថែមទៀត

ភ្នំពេញ ៖ លោក យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា នឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នមានពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងនេះមានចំនួនជិត៥ម៉ឺននាក់ លើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ ។

ការសន្យាពិចារណា បង្កើនកូតាពលករកម្ពុជា ពោលគឺទទួលពលករខ្មែរកាន់តែច្រើនឡើង ទៅធ្វើការនៅកូរ៉េខាងត្បូង ពីសំណាក់ប្រធានាធិបតី យូន ស៊កយ៉ល បែបនេះក្នុងជំនួបសម្តែងការគួរសម ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែតនាថ្ងៃ៧ កញ្ញា នៅរដ្ឋធានីហ្សាការតា ឥណ្ឌូណេស៊ី នាឱកាសមេដឹកនាំទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីនោះ ។

ក្នុងឱកាសនោះ លោកប្រធានាធិបតី ក៏បានឆ្លៀតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ ហើយលោកប្រធានាធិបតីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់ រវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ សម្តេចធិបតីបានអរគុណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េចំពោះពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ ។

ជាការឆ្លើយតប លោកប្រធានាធិបតី បានសន្យានឹងពិចារណា បង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េឲ្យក្លាយជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ៕

To Top