ព័ត៌មានជាតិ

កូរ៉េ ស្នើសុំឲ្យសម្ដេចតេជោ បន្តចូលរួមគិតគូរ ពីសន្តិភាពដ៏យូរអង្វែង នៅក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ លោក គឹម ជីនព្យា(Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឲ្យសម្ដេច បន្តចូលរួមគិតគូរអំពីសន្តិភាព ដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៨ កញ្ញានេះ ប្រធានរដ្ឋសភាកូរ៉េ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងប្រទេសកម្ពុជា ដែលតែងតែគាំទ្រភាគីកូរ៉េ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃ ពិព័ណពាណិជ្ជកម្មពិភពលោកនៅទីក្រុងបូព៌ាន ឆ្នាំ២០៣០ ក៏ដូចជាការគាំទ្រការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក(FIFA World Cup) ឆ្នាំ២០០២ ផងដែរ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានផ្តល់តម្លៃ លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហ ប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

ភាគីទាំងពីរនឹងជម្រុញ ឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ៕

To Top