ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាពេលកន្លងទៅនេះ ប្រជុំរហូតដល់មេដឹកនាំបណ្ដាប្រទេសនានា ដាច់បាយ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ មួយចំនួនទៀត បានវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល សម្តេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយសមិទ្ធផលនេះ មិនមែនសម្រាប់សម្តេចធិបតី តែម្នាក់ឡើយ គឺជាសមិទ្ធផល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រោះថា សម្ដេចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមជានាយករដ្ឋមន្ដ្រីកម្ពុជា។
សម្តេចធិបតី គូសបញ្ជាក់ថា «យើងទទួលបានការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្ដៅពីបណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក ដែលចូលរួមក្នុងទីនេះ នៅក្នុងកិច្ចប្រជុំនៅទីនោះ ព្រមទាំងមហាអំណាច អាមេរិក ជប៉ុន ចិន អូស្ដ្រាលី យើងបានជួប កន្លែងខ្លះយើងបានជួបទ្វេភាគី ខ្លះយើងអត់មានពេលជួប»។
សម្តេចធិបតី បន្ដថា «ប្រជុំនេះ គឺខ្ញុំ ចូលប្រជុំដំបូង ខ្ញុំ ធ្លាប់ប្រជុំ ជាមេជើងគោក មេជើងគោកអាស៊ាន តែអត់ចាប់អារម្មណ៍ កិច្ចប្រជុំកំពូលនេះ គឺថា ប្រជុំរហូតដល់មេដឹកនាំ អត់បាយ ។ ខ្ញុំ ទៅស្រក(ទម្ងន់)មួយគីឡូកន្លះ បងប្អូនឃើញហ្វេសប៊ុក ឃើញគេទទួល ទាំងខ្ញុំ ទាំងមេដឹកនាំ ច្រើនណាស់ កន្លែងខ្លះធ្វើការអត់បាយ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា សម្ដេចនិងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមិនមែនគ្រាន់តែទៅស្លៀកពាក់ស្អាត ជិះឡានទំនើបថតរូបបង្អួតនោះទេ គឺទៅដើម្បីបង្កើនការទាក់ទាញផលប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជាតាមរយៈការចរចាពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ការទូត ជាដើម៕
