ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរៀបចំទីតាំង ធ្វើលិខិតឆ្លងដែននៅកូរ៉េ និងបង្កើតកុងស៊ុល បន្ថែមនៅថៃ

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលនឹង ចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេងៗ។

នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការសម្របសម្រួលធ្វើលិខិត ឆ្លងដែននៅក្រៅប្រទេសនេះ ដើម្បីកុំឱ្យពលករជួបការលំបាកធ្វើដំណើរមកកម្ពុជា ក្នុងការធ្វើលិខិតឆ្លងដែន។

សម្តេចធិបតី គូសបញ្ជាក់ថា «ខ្ញុំ បានសម្រេច គឺអនុញ្ញាតឱ្យរៀបចំដើម្បីធ្វើប៉ាស្ព័រ (លិខិតឆ្លងដែន) នៅក្រៅប្រទេសតែម្ដង គឺយើងចាប់ផ្ដើមមុនគេនៅកូរ៉េតែម្ដង ឱ្យគាត់ធ្វើ។ ប៉ុន្ដែដើម្បីដោះស្រាយកង្វល់ ខ្ញុំបានសម្រេចឱ្យបង្កើត នៅការិយាល័យអនុព័ន្ធមួយ មានបញ្ជូនមន្ដ្រីអត្ដសញ្ញាណកម្ម បង្កើតប៉ុស្ដិ៍អចិន្ដ្រៃយ៍នៅហ្នឹង ដើម្បីគ្រប់គ្រងទិន្ន័យ កុំឱ្យពិបាក»។

សម្តេចធិបតី ក៏បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវគិតឡើងវិញអំពីភាពងាយស្រួល ទាំងតម្លៃ ជូនដល់ពលករ នូវការធ្វើលិខិតថ្កោលទោស ចំពោះពលករ ឬអ្នកផ្សេងៗទៀត។ សម្តេចធិបតី ក៏បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ ក្នុងការស្នើសុំធ្វើលិខិតថ្កោលទោស តាមប្រព័ន្ធអនឡាញផងដែរ។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានបញ្ជាឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀត នៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ ៕

To Top