ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំមន្ត្រីទទួលបន្ទុកកាងារ ត្រូវហ៊ានធ្វើ និងអនុវត្តន៍ កុំទុកដល់សម្តេចចេញមុខផ្ទាល់

រូបភាព៖ ដើមអម្ពិល

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ ដល់មន្ត្រីទទួលបន្ទុកការងារទាំងអស់ ត្រូវហ៊ានសម្រេចចិត្ត ហ៊ានធ្វើ និងអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូនឲ្យមានប្រសិទ្ធភាព កុំទុកដល់សម្តេចចេញមុខដោយផ្ទាល់ ។

ការថ្លែងសារដាស់តឿនរបស់ សម្តេចធិបតី បែបនេះ ធ្វើឡើង ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ត្រូវប្តេជ្ញាធ្វើទាំងអស់គ្នា ខ្ញុំប្រគល់សិទ្ធិនិងការទុកចិត្ត និងប្រគល់ដាវអាជ្ញាសឹកអោយ ត្រូវកាប់ត្រូវតែកាប់ កុំដល់ពេលខ្ញុំកាប់ជំនួសហើយ” ។ បើទោះប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ត្រូវបានបញ្ឈប់ត្រឹមនេះ ប៉ុន្តែក្នុងន័យនេះ ច្បាស់ណាស់ សម្តេចនាយករដ្ឋមន្ត្រី ចង់សំដៅឲ្យហ៊ានអនុវត្តការងារ ឲ្យបានល្អត្រឹមត្រូវ ជាពិសេសត្រូវហ៊ានអនុវត្ត កុំខ្លាចប៉ះពាល់ ដល់បក្ខពួក ឬខ្សែអ្នកមានអំណាចណាមួយ ប្រសិនបើធ្វើក្នុងគោលដៅ អនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ។

សម្តេចធិបតី បានមានប្រសាសន៍បន្តថា “ព្រោះកន្លែងកាប់គឺមានមនុស្សច្រើនណាស់ចង់បាន (សំដៅដល់តួនាទីការងារ) មួយជីវិតមានតែម្តងទេ រក្សាវាឲ្យបាន” ក្នុងន័យនេះ ចង់សំដៅដល់ ការប្រគល់តួនាទីនីមួយៗ ដល់មន្ត្រីណាម្នាក់ មានតែម្តងៗនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ថា “ខ្ញុំមិនបានប៉ះដៃកាត់ដៃ បានប៉ះជើងកាត់ជើងទេណា ហើយខ្ញុំក៏មិនថាបងប្អូនធ្វើទៅជោគជ័យ១០០%ដែរ ធ្វើអ្វីក៏ដោយតែងមានចំណុចខ្លាំង ចំណុចខ្សោយ ចំណុចខ្វះខាតហើយ តែត្រូវបង្ហាញឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើ ហើយហ៊ានអារកាត់ ហ៊ានវះកាត់ ហើយសំខាន់បំផុតហ៊ានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានសម្រេច” ។

សម្តេចធិបតីបន្តថា “ប្រសិនបើមានការសម្រេចហើយ ត្រូវតែអនុវត្តឲ្យត្រឹមត្រូវ តាមគោលការណ៍ កុំដុតឲ្យខ្លោច រោចឲ្យឆៅ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា “ធ្វើចុះ ខ្ញុំការពារ ខ្ញុំនិយាយចឹងតិចខ្លាច អត់ហ៊ានធ្វើ ធ្វើខុសធ្វើត្រូវ ខ្ញុំនៅពីក្រោយ ខ្ញុំជាអ្នកទទួលខុសត្រូវ បើខ្ញុំជាអ្នកដាក់បទបញ្ជា ។ ទី១ទទួលខុសត្រូវ នៅក្នុងការផ្តល់គោលដៅ គោលការណ៍​ច្បាស់លាស់ បើធ្វើមិនច្បាស់សួរខ្ញុំ ផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេច តាមកម្រិតណាដែលអាចធ្វើ ផ្តល់ការគាំទ្រ ទាំងសិទ្ធិនិងហិរញ្ញវត្ថុ ទាំងកិច្ចការមួយចំនួន ហើយបើមានបញ្ហាក្នុងការអនុវត្តគោលនយោបាយ ដែលប៉ះ ដោយសារខ្ញុំដាក់ទៅ ខ្ញុំជាអ្នកទទួលខុសត្រូវ​”៕

To Top