ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីកិច្ចការអាទិភាពលើការបោសសម្អាតគ្រឿងញៀន

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលជាការដោះស្រាយ លើកិច្ចការងារបោសសម្អាតគ្រឿងញៀន ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យខានតែបាន ។

ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាគ្រឿងញៀននេះ ធ្វើយ៉ាងណា ឲ្យឈានដល់ការកាត់បន្ថយ និងលុបបំបាត់ ទៅថ្ងៃក្រោយ ដែលធ្លាប់មានបញ្ហាច្រើន ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ” វាជាបញ្ហាដែលលំបាក ជាបញ្ហាដែលចាក់ស្រេះ ប្រទេសទាំងអស់ នៅក្នុងតំបន់ សូម្បីតែមហាអំណាច នៅបារាំង នៅអឺរ៉ុប នៅអាមេរិកខ្លួនឯង ក៏មិនទាន់ជោគជ័យផងដែរ នៅ Singapore (សិង្ហបុរី) ដែលថាជាប្រទេសដែលតឹងបំផុត ក៏កើតមានករណីគ្រឿងញៀននេះដែរ” ។

សម្តេចធិបតី មានប្រសាសន៍ថា “យើងត្រូវគិតគូរនៅក្នុងការប្រយុទ្ធប្រឆាំង ហើយក្នុងការងារនេះ សម្តេចតេជោ រាជរដ្ឋាភិបាលអាណត្តិទី៦ អាណត្តិទី៥ អាណត្តិមុន បានយកចិត្តទុកដាក់ ជាអាទិភាពធំណាស់ នៅក្នុងការធ្វើ ហើយយើងបានធ្វើការងារច្រើនណាស់ ទាំងការអប់រំ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ ចឹងអាទិភាពនេះ យើងត្រូវបន្ត” ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខា ក្នុងការកែសម្រួលអនុក្រឹត្យមួយ ដោយសារសម្តេចយល់ឃើញថា មានការរៀបចំធូរស្រាលបន្តិច ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ខ្ញុំសម្រេចកែសម្រួល ខ្ញុំរៀបចំឧបនាយករដ្ឋមន្ត្រីមួយ ជាប្រធានអាជ្ញាធរនេះ​ ​(អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន )តែម្តង ហើយមានឧបនាយករដ្ឋមន្ត្រី៣ ឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ ការពារជាតិ និងយុត្តិធម៌ ដូចលំនាំអាណត្តិទី៦ ហើយមានរដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ គឺរដ្ឋមន្ត្រីសង្គមកិច្ច កិច្ចការនារី អប់រំ សុខាភិបាល ចូលជាសមាជិក ហើយយន្តការនេះត្រូវតម្លើងកម្រិត ហើយមានទេសរដ្ឋមន្ត្រីម្នាក់ ជាអនុប្រធាន ប្រចាំការដឹកនាំតែម្តង ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការប្រយុទ្ធប្រឆាំជាមួយនឹងគ្រឿងញៀននេះ”។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ដែលបានបង្ហាញក្នុងឱកាស អបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា​ ក្នុងឆ្នាំ២០២២កន្លងទៅ បទល្មើសគ្រឿងញៀន បង្ក្រាបបានមានចំនួន ៦ ៣៩០ករណី គឺមានការកើនឡើង ប្រមាណ១,៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត ១៥តោន កើន ប្រមាណជាង ៣ដង និងសារធាតុគីមីផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤,១៨% ត្រូវបានរឹបអូសបាន និង ធ្វើការដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន ហើយជនសង្ស័យចំនួន ១៥ ០០២នាក់ ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមួយចំនួន ត្រូវបានបញ្ជូនទៅតុលាការ៕

To Top