ព័ត៌មានជាតិ

លោក ឃួង ស្រេង ចូលរួមប្រជុំ AIMF ពិភាក្សាផ្តល់ជំនួយ ទៅម៉ារ៉ុក ក្រោយជួបគ្រោះរញ្ជួយដីស្លាប់ជាង២ពាន់នាក់

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីម៉ោង១០នារាត្រីថ្ងៃទី១១ ខែកញ្ញា ២០២៣ ត្រូវនឹងម៉ោង៥ល្ងាច នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ។

ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ចំនួន២ចំណុច ដើម្បីជាប្រយោជន៍ សម្រាប់សមាជិកសហគម ទីក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងនោះ ទី១- បានពិភាក្សាលើការផ្តល់ជំនួយ ទៅម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រ ពីទីក្រុងទីក្រុងម៉ារ៉ុក ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយសម្លាប់ជាង២០០០នាក់ ។

សន្និបាតនេះ ប្រធានសហគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានសម្រេចផ្តល់ជំនួយទៅម៉ារ៉ុកចំនួន៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេសដែលជាសមាជិក សហគមន៍អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ឲ្យជួយជ្រោមជ្រែងបន្ថែមទៀត , ទី២- ពិភាក្សា ដើម្បីជ្រើសរើសរកទីតាំងប្រទេស ដើម្បីរៀបចំអង្គសសន្និបាត សហគមន៍អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បន្តទៀត។

គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដែលកាលនោះជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និងលោក ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។ សហគមន៍នេះមានសមាជិកចំនួន៣០៧ មកពី៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ១៣០លាននាក់) ។ ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិងលោក ព្យែរ ប៊យ៉ (Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។

នៅខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួម រវាងរដ្ឋបាលរាជធានីភ្នំពេញ, សហគមន៍ AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕

To Top