ព័ត៌មានជាតិ

ការថែរក្សាសន្តិសុខ គឺជាកត្តារួមចំណែកពង្រឹង និងទាក់ទាញ ការវិនិយោគមកកាន់កម្ពុជា

រូបភាពពីហ្វេសប៊ុក ឧបនាយករដ្ឋមន្ដ្រី ស សុខា

ភ្នំពេញ ៖អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម បានល្អប្រសើរ គឺជាកត្តារួមចំណែកពង្រឹង និងទាក់ទាញការវិនិយោគ ពីបរទេសមកកាន់កម្ពុជា។

នាឱកាសអនុញ្ញាត ជូនលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA ដឹកនាំប្រតិភូ វិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ កញ្ញា អភិសន្តិបណ្ឌិត ស សុខា បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើម ក៏ដូចជា គម្រោងទស្សនកិច្ច របស់ប្រតិភូធុរកិច្ចជប៉ុន មកកាន់កម្ពុជា នាខែវិច្ឆិកាខាងមុខ ។

អភិសន្ដិបណ្ឌិត បានអះអាងពីការត្រៀមខ្លួនសម្របសម្រួលកិច្ចការពាក់ព័ន្ធជូនប្រតិភូ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ លោក អភិសន្តិបណ្ឌិត បន្តថា ក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ហើយការងារនេះ ក៏ត្រូវការកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យ ឯកជនផងដែរ។

អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា «ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ គឺជាកត្តារួមចំណែកពង្រឹង និងទាក់ទាញការវិនិយោគពីបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា សង្ឃឹមជឿជាក់ថា តាមរយៈទស្សនកិច្ចនេះ សមាគមជប៉ុន-កម្ពុជា នឹង នៅតែបន្តគាំទ្រ និង ជំរុញ ការខិតខំកៀគរ អ្នកវិនិយោគ មកបន្តស្វែងរកឱកាស និង សក្ដានុពលនានា ដើម្បីវិនិយោគជួយបង្កើត ការងារនៅក្នុងប្រទេសកម្ពុជា បានកាន់តែច្រើនឡើងថែមទៀត»។

នាឱកាសនោះដែរ លោកប្រធាន សមាគម បានលើកឡើងថា លោក នឹងដឹកនាំប្រតិភូ មួយក្រុមទៀត មកកាន់ប្រទេសកម្ពុជា ដែលស្រប នឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ លោក បន្ថែមថា ទស្សនកិច្ចខាងមុខនេះ ក៏ជាឱកាសដ៏ល្អមួយ ក្នុងការរៀបចំ នូវព្រឹត្តិការណ៍អបអរខួបលើកទី៧០ឆ្នាំ នៃ ទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ផងដែរ ។ លោក ប្រធានសមាគម បានមានប្រសាសន៍ទៀតថា «ទស្សនកិច្ចខាងមុខ ក៏ជាឱកាសមួយ សម្រាប់វិនិយោគិនជប៉ុន ក្នុងការសិក្សា ពីសក្ដានុពលផ្សេងៗដែលកម្ពុជាមាន ដើម្បីវិនិយោគផងដែរ» ៕

To Top