ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នឹងថ្លែងសុន្ទរកថា នៅមហាសន្និបាត UN ផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។

ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹង ផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន បី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ ដោយចីរភាព (SDGs)។ សម្ដេចធិបតី ក៏នឹង មានកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ និងឥស្សរជន បរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងញូវយ៉ក។

នៅអំឡុងពេល នៃកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញចូលរួមក្នុង កិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ ឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគីមក ពីបណ្ដាប្រទេសនានាផងដែរ ៕

To Top