ព័ត៌មានជាតិ

អាជ្ញាធរ ឱ្យទប់ស្កាត់ការកែច្នៃគ្រឿងញៀន ក្នុងប្រទេស ដោយប្រើយន្ដការ គ្រប់គ្រងសារធាតុគីមីផ្សំ

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំឲ្យទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើង ពាក់ព័ន្ធការគ្រប់គ្រងសារធាតុគីមីផ្សំ។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំដំបូងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើជាប្រធាននោះ, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ គូសបញ្ជាក់ថា «បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀន មកប្រទេសកម្ពុជា ក្នុងនោះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន ក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើងពាក់ព័ន្ធការគ្រប់គ្រងសារធាតុគីមីផ្សំ និងត្រូវត្រួតពិនិត្យតំបន់ដែលមានហានិភ័យ ដោយពួកឧក្រិដ្ឋជនលួចប្រើប្រាស់កន្លែងនោះ លួចលាក់កែច្នៃផលិតគ្រឿងញៀន។ ឧទាហរណ៍ ៖ តំបន់ព្រៃ តំបន់ឃ្លាំងស្ដុកទំនិញ និងតំបន់ដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ជាដើម»។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការណែនាំឱ្យខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ បច្ចុប្បន្នកន្លែងសប្បាយដ្ឋាននៅទូទាំងប្រទេស មានប្រមាណជាង ១,៣០០ទីតាំង ដែលអាចសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយការត្រួតពិនិត្យទីតាំងសប្បាយដ្ឋាននេះ ត្រូវបានផ្ដល់តួនាទី ភារកិច្ចជូនអង្គភាពអនុវត្តច្បាប់។

សូមរំលឹកថា រយៈពេល ៨ខែ ឆ្នាំ២០២៣ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៥,១៣៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន១២,៤៩១នាក់ ចាប់យកសារធាតុញៀន ចំនួន២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន ៩១០.៨៧គីឡូក្រាម រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕

To Top