ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ៩៣៧ ប័ណ្ណ នៅឃុំខ្ចៅ ស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយអង្គភាពមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានបន្ត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទិ្ធ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនវត្ថុ នៅភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ៩៣៧ ប័ណ្ណ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ បានសម្រេចលទ្ធផល ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីចំនួន ៩៣៧ ក្បាលដី ស្មើនឹង ៤៤៣ ម្ចាស់កម្មសិទិ្ធករ នៅក្នុង ភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស ។

ផ្អែកលើលទ្ធផលនេះ លោកសូមសម្តែងនូវការកោតសសើរ ដល់ក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការនេះដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព ។

លោកអភិបាលខេត្ត បានយកឱកាសនោះ គូសបញ្ជាក់ជូនថា ក្បាលដីដែលបងប្អូន បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញ លក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើម ទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម ផ្សេងៗក្នុងការកែលម្អជីវភាពរស់នៅ ។
ដូច្នេះការចុះបញ្ជីដីធ្លីគឺជាការពង្រឹង សុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដី អោយអស់សក្តានុពល ហើយកត្តានេះពិតជានឹងកាត់ បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយ នៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លី របស់រាជរដ្ឋាភិបាល ។

លោកអភិបាលខេត្តបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទិ្ធដែលបងប្អូនទទួលនៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងអោយទ្រព្យ របស់បងប្អូន ជាឯកសារតំណាងអោយសិទិ្ធ នៃកម្មសិទិ្ធដែលជាសិទិ្ធផ្តាច់មុខរបស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅអោយ កូនចៅ ដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះ សុំរក្សាប័ណ្ណកម្មសិទិ្ធនេះអោយបានល្អបំផុត ៕

To Top