ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ សូមឱ្យការចុះបញ្ជីប្រាសាទកោះកេរ ក្លាយជាស្មារតីជាតិ តែមួយក្រោមម្លប់សន្តិភាព

ភ្នំពេញ ៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីគោះគង អបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មី បន្ថែមទៀត ដែលមិនត្រឹមតែ ជាការអបអរសាទរ របស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជា ទាំងមូលក្រោមម្លប់សន្តិសភាព ។

លោកគូសបញ្ជាក់ថា៖ “តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង” ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀន បណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលចូលរួមអបអរសាទរ ចំពោះការចុះបញ្ជីនេះ ដែលជាមោទកភាពមួយបន្ថែមទៀត របស់ជាតិក្រោមការដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែងចុះបញ្ជី«រមណីដ្ឋានប្រសាទកោះកេរ» រហូតបានទទួលជោគជ័យនាពេលនេះ ។

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។

គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ៕

To Top