ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យស្ថាប័នពាក់ព័ន្ធ​ ស្វែងរកទីផ្សារកសិផល និងផ្តល់យោបល់ ពីដំណាំសក្ដានុពលដល់កសិករ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវស្វែងរកទីផ្សារកសិផល និងផ្តល់យោបល់ពីដំណាំសក្ដានុពល សម្រាប់កសិករ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល​ នៃសម័យប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានឲ្យដឹងថា “រាជរដ្ឋាភិបាល ណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរក ទីផ្សារកសិផលសម្រាប់ប្រជាកសិករ ជាពិសេស នៅក្នុងរដូវច្រូតកាត់​ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្តល់ការពិគ្រោះយោបល់ អំពីដំណាំសក្កានុពលសម្រាប់រដូវបន្ទាប់ ។

គួរបញ្ជាក់ថា កម្មវិធីគោនយោបាយ អាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីទី៥គឺជា ការដាក់ចេញ នូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ៕

To Top