ព័ត៌មានជាតិ

អាមេរិកស្នើកម្ពុជា ពន្លឿននីតិវិធី ទទួលយកពលរដ្ឋខ្មែរ ពីអាមេរិកមកកាន់ប្រទេស កំណើតវិញ

ភ្នំពេញ៖ លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក បានស្នើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ពន្លឿននីតិវិធី នៃការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវ ធ្វើមាតុភូមិនិវត្តន៍ ពីទឹកដីអាមេរិក មកកាន់ប្រទេសកំណើតវិញ ។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសអនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ចូលជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំឡុងពេលចូលរួមកិច្ចប្រជុំទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយលោកស្រី វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃ ការទទួលយកពលរដ្ឋទាំងនោះ។

ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូនឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមគ្នានោះសម្ដេចធិបតី ក៏បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ ចំពោះបញ្ហានេះលោកស្រី វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថា បញ្ហាសុខភាព គឺជាអ្វី ដែលសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់ សម្តេចធិបតី។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា លើវិស័យដែលប្រទេសទាំងពីរ កំពុងយកចិត្តទុកដាក់ ៕

To Top