ព័ត៌មានជាតិ

UN វាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ

រូបភាពពី៖​ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទរ៉ស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណ ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។

ការវាយតម្លៃរបស់ អគ្គលេខាធិការអង្គការ សហប្រជាជាតិ បែបនេះ ធ្វើឡើងក្នុងជំនួប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេស ដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈ ការបន្ស៊ី ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ ។

លោកអគ្គលេខាធិការ ក៏បានអរគុណចំពោះប្រទេសកម្ពុជា ដែលបានចូលរួម និងបញ្ជូន មន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួន ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ការរក្សាបាន នូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ។ ជាមួយនឹងកត្តាសន្តិភាពនេះ ក្នុងនាមប្រជាជន និងប្រទេសកម្ពុជា សម្ដេចអធិបតី សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាង សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ ។

ក្នុងនោះផងដែរ សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការ នៃការរៀបចំតុលាការ កាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់ នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរក អនាគតមួយដ៏ត្រចះត្រចង់ ។

សម្ដេចធិបតី ប្រាប់ លោកអគ្គលេខាធិការថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិដោយ មិនមានការផ្លាស់ប្ដូរឡើយ ។ ជាក់ស្ដែង, កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាង សន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញ ផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩០០០ ពាន់នាក់ គិតមក ដល់សព្វថ្ងៃនេះ៕

To Top