ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទូតកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចំពោះការងារការទូតរបស់ប្រទេសកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជា ជាប្រទេសអធិបតេយ្យជាតិមួយ ទោះបីមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មីក៏ដោយ។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារការទូតរបស់កម្ពុជា គឺត្រូវភ្ជាប់ទំនាក់ទំនង​ និងបង្ហាញថា «កម្ពុជា ជាប្រទេសអធិបតេយ្យជាតិ ទោះបីមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលក៏ដោយ នៅតែជារដ្ឋអធិបតេយ្យជាតិមួយ ស្មើមុខ ស្មើមាត់ រួមជាមួយប្រទេសទាំងអស់ រាប់ទាំងប្រទេសមហាអំណាច»។

សម្ដេចធិបតី បន្ដថា «ខ្ញុំ ទៅប្រជុំនៅឥណ្ឌូនេស៊ី ប្រជុំនៅចិន ជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលអាន ក្នុងនាមជាប្រមុខរដ្ឋ គឺយើងមិនត្រូវបានគេចាត់ទុកថា ជារដ្ឋាភិបាលខុសច្បាប់ ដូចអ្នកខ្លះថាទេ ជារដ្ឋាភិបាល ជាប្រមុខរដ្ឋប្រទេសតូច ដែលមានកម្រិត ២នោះទេ។ ប៉ុន្ដែជាការទូតរបស់កម្ពុជា គឺយើងស្មើមុខ ស្មើមាត់ ជារដ្ឋអធិបតេយ្យ ក្នុងសមាជិកអង្គការសហប្រជាជាតិ។ យើងទៅអង្គួយប្រជុំជាមួយប្រទេសណា ក៏អង្គុយស្មើគ្នា អង្គុយទល់មុខគ្នា»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ចំពោះការងារនយោបាយវិញ កម្ពុជា បានបញ្ជាក់ជំហរជាមួយគ្រប់ប្រទេសទាំងអស់ថា កម្ពុជា មានជំហរនយោបាយអធិបតេយ្យភាពកម្ពុជា ជាពិសេស ក៏បានបញ្ជាក់ពីការព្រួយបារម្ភមួយចំនួន ពាក់ព័ន្ធជាមួយសុវត្ថិភាពពិភពលោក ដូចជា៖ បញ្ហាអាកាសធាតុ បញ្ហាសង្គ្រាម បញ្ហាដែលប៉ះពាល់សេដ្ឋកិច្ចពិភពលោក ជាដើម៕

To Top