ព័ត៌មានជាតិ

លោក វង្សី វិស្សុត លើកទឹកចិត្តគ្រឹះស្ថានអប់រំ បន្ដប្រើវចនានុក្រមខ្មែរ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំទាំងអស់ នៅកម្ពុជា ត្រូវបន្ដលើកកម្ពស់ការប្រើប្រាស់ វចនានុក្រមខ្មែរ ជាសម្ភារសិក្សា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់វចនានុក្រមខ្មែរថ្មីឲ្យបានគ្រប់ៗគ្នា និងឲ្យអស់ពីលទ្ធភាព ទៅក្រសួង-ស្ថាប័ន អង្គភាព និងការងារផ្សេងៗទៀត។

លោកបញ្ជាក់ថា «គ្រឹះស្ថានអប់រំទាំងអស់ ត្រូវលើកកម្ពស់ការបន្ដប្រើប្រាស់ វចនានុក្រមខ្មែរ ជាសម្ភារសិក្សា តាមរយៈបណ្ដុះគំនិតស្រឡាញភាសាខ្មែរ និងប្រើវចនានុក្រមខ្មែរ ដោយគ្រប់សិស្ស-និស្សិត នៅគ្រប់កម្រិត ដែលមើលឃើញថា សិស្ស-និស្សិតទាំងអស់ ពិតជាអាចសរសេរ អក្ខរាវិរុទ្ធ បានត្រឹមត្រូវល្អប្រសើរ»។

លោកថា ភាសា គឺជាយានសម្រាប់ទំនាក់ទំនង ទៅលើកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គម សាសនា នានា ហើយការចងក្រមវចនានុក្រមថ្មីនេះ ពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង ក្នុងការជួយចងក្រង កត់ត្រា អភិរក្ស និងអភិវឌ្ឍន៍ ភាសា និងអក្សរខ្មែរ ឲ្យបានគង់វង្សប្រកបដោយសុកតភាព របស់ប្រជាជាតិខ្មែរទាំងមូល។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបន្ថែមថា ភាសា និងអក្សរសាស្ដ្រជាតិ គឺជាផ្នែកមួយនៃវប្បធម៌ អត្តសញ្ញាណ និងដួងព្រលឹងជាតិ ដូច្នេះការរៀបចំវចនានុក្រមខ្មែរ ឆ្នាំ២០២២ ពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ចាំបាច់ និងបន្ទាន់ ក្នុងការអភិវឌ្ឍ និងអភិរក្សភាសាជាតិដែលធ្វើឲ្យសង្គមជាតិកាន់តែមានភាពរឹងមាំ។

សូមបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ភជាសៀវភៅ និងជាទម្រង់ឌីជីថល នាពេលនេះ គឺជាសក្ខីភាព និងសមិទ្ធផលថ្មីជាប្រវត្តិសាស្ដ្រមួយដែលពិតជាបានចូលរួមចំណែក ដ៏សម្បើមនៅក្នុងអក្សរសាស្រ្ដខ្មែរ និងសង្គមជាតិខ្មែរ នាសម័យកាលដ៏រីកចម្រើន និងប្រកបដោយសុខសន្ដិភាព ៕

To Top