ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានបញ្ជាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉ែស អគ្គលេខាធិការអង្គការ សហប្រជាជាតិ។
ក្នុងនោះ លោកអគ្គលេខាធិការ បានសរសើរចំៗ ដល់យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្ស៊ីគ្នា ជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់ការបញ្ជូនមន្ត្រីចូលរួមបំពេញ បេសកកម្មដើម្បីសន្តិភាព តាមបណ្តាប្រទេសនានា។
ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានលើកឡើង អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងការលើកកម្ពស់ សិទ្ធិមនុស្ស ដោយផ្អែកលើច្បាប់ និងគោលការណ៍នីតិរដ្ឋ។
ក្នុងនោះដែរ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស បានបង្ហាញការពេញចិត្ត និងគូសបញ្ជាក់ថា “អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រជាជនកម្ពុជា” ៕