ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា អំពាវនាវអាជ្ញាធរជាប់ព្រំដែនរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវរួបរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ខណៈ​ការជួញដូរមនុស្សភាគច្រើនកេីតឡេីងលើនារីវ័យក្មេង។

លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា លើកឡើងបែបនេះក្រោយពី កិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរ នៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍ជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ អាណត្តិទី១ និងលើកទិសដៅការងារបន្ដរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ​ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «ខ្ញុំ អំពាវនាវទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសខេត្តជាប់ព្រំប្រទល់ប្រទេសទាំងបី វៀតណាម ថៃ ឡាវ មេត្តាពិនិត្យ ជាពិសេសជនរងគ្រោះទាំងអស់នោះ ភាគច្រើនប៉ះពាល់ដល់នារីវ័យក្មេងៗ ក្រោមអាយុ ១៨ឆ្នាំ។ អញ្ចឹងហើយបើមានការនាំតាមរយៈមេខ្យល់ ទៅជាក្រុម ទៅព្រំប្រទល់អន្ដរជាតិ សូមមេត្តាពិនិត្យ»។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការជាតិ-អន្ដរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំង ការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ និងការលើកស្ទួយក្របសីលធម៌ ក្នុងសង្គមជាដើម៕

To Top