ព័ត៌មានជាតិ

ឡាវ អរគុណកម្ពុជា ផ្ដល់បទពិសោធន៍ល្អៗដល់ទ័ពខ្លួន ជាទុនសង្គ្រោះពលរដ្ឋ ពេលមានគ្រោះមហន្តរាយ កើតឡើង

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិឡាវ បានថ្លែងអំណរគុណ ដល់កងយោធពលខេមរភូមិន្ទកម្ពុជា ដែលផ្ដល់បទពិសោធន៍ល្អៗ ដល់កងទ័ពប្រជាជនឡាវ ដើម្បីជាទុនក្នុងការចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ផ្សេងៗកើតឡើង ។

ក្នុងដំណើរបំពេញ ទស្សនកិច្ចការងារនៅឡាវ ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូបានចូលជួបសម្តែង ការគួរសមជាមួយ នាយឧត្ដមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ។

ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ចាន់ សាម៉ន បានស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចរបស់ កងយោពលខេមរភូមិន្ទ មកកាន់ឡាវ និងបានថ្លែងអំណរគុណ ដល់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបញ្ជូន កម្លាំង មកចូលរួមធ្វើលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះហន្តរាយនៅឡាវ បានផ្ដល់បទពិសោធន៍ល្អៗ ដល់កងទ័ព ប្រជាជនឡាវ ដើម្បីជាទុនក្នុងការ ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង ។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល ៤ថ្ងៃនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានចូលជួបសម្ដែងការ គួរសមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

នាឱកាសនោះលោក សនសៃ ស៊ីផាន់ដន បានថ្លែង នូវការស្វាគមន៍ចំពោះ គណៈប្រតិភូជាន់ខ្ពស់ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានមកបំពេញទស្សនកិច្ចនៅឡាវក្នុងឱកាសនេះ ដែលជាការរួមចំណែកដ៏សំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជម្រាបពីស្ថានភាពមួយ ចំនួននៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមររ៉ាំរ៉ៃ នៅកម្ពុជាហើយនាំមកនូវសន្តិភាព ពេញលេញ, ជោគជ័យការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជោគជ័យដំណើរការបោះ និងការរៀបចំរាជរដ្ឋភិបាល អាណត្តិទី៧។

ជាមួយនោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានជម្រាបជូនពីលទ្ធផល ជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធាន អគ្គសេនាធិការ កងទ័ពប្រជាជនឡាវ ដែលប្រព្រឹត្តទៅ ទទួលបានលទ្ធផលល្អ នៅក្នុងការបន្តពង្រឹង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរល្អ ពិសេសវាងកង កម្លាំងប្រទេស ទាំងពីរនៅតំបន់ព្រំដែន។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីឡាវ បានគាំទ្រការលើកឡើងរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានបង្ហាញពីទឹកចិត្តដ៏ស្មោះស បន្តរួមគ្នាពូនជ្រុំចំណង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ ព្រមទាំងបានថ្លែងអំណរ គុណដល់ រាជរដ្ឋាភិបាលកម្ពុជា តែងបានជួយដល់ឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕

To Top