កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថា វគ្គសិក្សាទាំងពីនេះ ត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ ស្របតាមនិយាម បច្ចេកទេស នៃបណ្ដុះបណ្ដាល កងកម្លាំង និងស្ដង់ដាគុណភាព ដើម្បីលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌ នគរបាលជាតិ ឲ្យស្របតាមកម្មវិធីអប់រំដែលបានកំណត់។
លោកបន្ដថា បណ្ឌិត្យសភានគរបាលកម្ពុជា បានសម្រិតសម្រាំង សាស្ដ្រាចារ្យ និងគ្រូនគរបាល ដែលមានគុណភាព និងបទពិសោធន៍ឲ្យបានសមស្រប ព្រមទាំងរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដោយជ្រើសរើសមុខវិជ្ជា និងមេរៀនសំខាន់ៗ ដោយបានពង្រឹងការគោរពវិន័យ និងធ្វើការវាយតម្លៃលទ្ធផលសិក្សា តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ គឺការវាយតម្លៃជាប់ជាប្រចាំ និងការវាយតម្លៃបញ្ចប់វគ្គ ដោយឈរលើគោលការណ៍សមធម៌ គោលការណ៍មិនលំអៀង និងគោលការណ៍គុណភាព។
នាយឧត្តមសេនីយ៍បន្ថែមថា វគ្គបណ្ដុះបណ្ដាលទាំងពីរនេះ បានប្រព្រឹត្តិទៅដោយរលូន និងសម្រេចបានជោគជ័យ តាមផែនការបានកំណត់។ វគ្គសិក្សាទាំងពីរនេះ មានគោលបំណង ពង្រឹងសមត្ថភាពវិជ្ជាជីវៈ ថ្នាក់ដឹកនាំនគរបាល ក្នុងមុខតំណែង ដើម្បីលើកម្ពស់ប្រសិទ្ធិភាពការងារ ដឹកនាំនៅតាមអង្គភាពនីមួយៗ និងបានតម្រងទិសសិក្ខាមនគរបាល ឲ្យទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាលយ៉ាងពិតប្រាកដ ស្របតាមកម្មវិធីអប់រំ ដែលបានកំណត់ផងដែរ៕